រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និយាយថាកូរ៉េខាងជើង អាចនឹងលក់មីស៊ីលថ្មីទៅឱ្យរុស្ស៊ី

VOB TV
បញ្ចូលដោយ -


ប្រមុខការពារជាតិកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) ថា​ប្រទេស​កូរ៉េ​ខាងជើង អាចនឹងត្រៀមខ្លួនក្នុងការផ្តល់មីស៊ីលប្រភេទថ្មីដល់ប្រទេសរុស្ស៊ី ហើយអាច​នឹង​ធ្វើកា​រ​សាកល្បងអាវុធបន្ថែមទៀត ដើម្បីបង្កើន​ភាពតាន​តឹង​នៅ​មុន​ការ​បោះឆ្នោត​របស់​កូរ៉េ​ខាងត្បូង និងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការពារជាតិ លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានប្រាប់សារព័ត៌មានយ៉ុនហាប់ កាល​ពី​ថ្ងៃពុធ (១០ មករា) ថា «កូរ៉េខាងជើង ដែលត្រូវការលុយខ្លាំង កំពុងលក់​អាវុធ​ថ្មី​យ៉ាង​សកម្ម​ដែល​រុស្ស៊ីចង់បាន»។

លោក ស៊ីន បានលើកឡើងពីដំណើរចុះពិនិត្យរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) ក្នុងសប្តាហ៍នេះទៅកាន់រោងចក្រផលិតគ្រាប់រំសេវ ជាទីដែលលោក​បាន​ត្រួត​ពិនិត្យ​នូវ​អ្វីដែ​លអាចត្រូវបានអភិវឌ្ឍនាពេលថ្មីៗនេះ គឺមីស៊ីលផ្លោង​រយៈចម្ងាយ​ជិត​ដែល​មាន​សមត្ថភាព​ផ្ទុក​អាវុធនុយក្លេអ៊ែរតាកទិច។

លោក ស៊ីន បាននិយាយថា ប្រទេសកូរ៉េខាងជើង ដែលធ្លាប់បាននិយាយថា ខ្លួននឹងដាក់​ពង្រាយ​មីស៊ីល​ទាំងនេះទៅកាន់កងទ័ពជួរមុខ អាចនឹងលក់យ៉ាងហោចណាស់មួយចំនួនទៅឱ្យរុស្ស៊ី ដោយ​សារគេសង្ស័យថាធ្លាប់មានការលក់មីស៊ីលផ្លោងរយៈចម្ងាយខ្លីនាពេលថ្មីៗនេះ។

លោក ស៊ីន បានបន្ថែមថា ប្រទេសកូរ៉េខាងជើង ក៏អាចនឹង​សាកល្បង​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​ឥន្ធនៈរឹងនៅដើមខែនេះ និងបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីបង្កើន​ភាពតាន​តឹង​បន្ថែម​ទៀត មុនពេលការបោះឆ្នោតសំខាន់ៗនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕

 

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!