បណ្ដាប្រទេសជិតខាងអារ៉ាប់ ព្រមានប្រឆាំងនឹងការកាន់កាប់តំបន់ហ្កាហ្សា ឡើងវិញរបស់អ៊ីស្រាអែល

VOB TV
បញ្ចូលដោយ -


អេហ្ស៊ីប និងហ្ស៊កដានី បានព្រមានប្រឆាំងនឹងការកាន់កាប់ឡើងវិញរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយបានអំពាវនាវឱ្យប្រជាជនដែលត្រូវបានបង្ខំឲ្យជម្លៀសខ្លួនត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ ខណៈដែលបណ្ដាមេដឹកនាំប្រទេសអារ៉ាប់ទាំងពីរនេះបានជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាហ៍ម៉ូដ អាបបាស (Mahmoud Abbas) កាលពីថ្ងៃពុធ (១០ មករា)។

ខណៈពេលដែលអ៊ីស្រាអែលបន្តទៅមុខជាមួយនឹងយុទ្ធនាការយោធា ដែលខ្លួននិយាយថានឹងមានរយៈពេលជាច្រើនខែ លោក អាបបាស ព្រះមហាក្សត្រ អាបឌូលឡាហ៍ (Abdullah) របស់ហ្ស៊កដានី និងលោកប្រធានាធិបតី អាបឌែល ហ្វាតតាហ៍ អាល់ស៊ីស៊ី (Abdel Fattah al-Sisi) របស់អេហ្ស៊ីប ក៏បាននិយាយឡើងវិញពីការបដិសេធរបស់ពួកគេចំពោះផែនការណាមួយក្នុងការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ដោយជាហានិភ័យមួយដែលអេហ្ស៊ីបនិយាយថាបានកើនឡើង ខណៈសង្គ្រាមអ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាស បានជំរុញអ្នកស្រុកហ្កាហ្សាភាគច្រើនរត់ភៀសខ្លួនទៅភាគខាងត្បូងឆ្ពោះទៅកាន់ព្រំដែនអេហ្ស៊ីប។

ហ្ស៊កដានីមានការព្រួយបារម្ភចំពោះកំណើនអស្ថិរភាព និងការវាយប្រហារលើជនជាតិប៉ាឡេស្ទីនដោយអ្នកតាំងលំនៅជនជាតិជ្វីហ្វនៅតំបន់ វេស បែង (West Bank) កាន់កាប់ដោយអ៊ីស្រាអែល ដែលមានព្រំដែនជាប់ហ្ស៊កដានី។

សេចក្តីថ្លែងការណ៍មួយចេញដោយការិយាល័យរបស់លោកប្រធានាធិបតីអេហ្ស៊ីប ស៊ីស៊ី បាននិយាយថា សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្ហាញ «ជំហរសម្រេចចិត្ត» ដើម្បីជំរុញឱ្យមានបទឈប់បាញ់ភ្លាមៗនៅហ្កាហ្សា។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា មេដឹកនាំទាំងបីរូបបានបញ្ជាក់ «ការបដិសេធទាំងស្រុងចំពោះការប៉ុនប៉ងណាមួយដើម្បីកាន់កាប់ឡើងវិញនូវផ្នែកខ្លះនៃតំបន់ហ្កាហ្សា និងបញ្ជាក់ពីតម្រូវការដើម្បីឱ្យប្រជាជនរបស់តំបន់ហ៊ុមព័ទ្ធមួយនេះបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»៕

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!